កាកបាទក្រហមសាខាខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនស្ត្រីសម្រាលកូន នៅស្រុកកណ្ដាលស្ទឹង
ថ្ងៃចេញផ្សាយ: ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០ 04:08
ដោយ: ភ្នែករាស្រ្ត

ខេត្តកណ្តាល ៖ស្ត្រីសម្រាលកូន ចំនួន៤០នាក់ កំពង់សម្រាកព្យាបាលនៅមណ្ឌលសុខភាពសៀមរាប និងមន្ទីរពេទ្យបង្អែកស្រុកកណ្ដាលស្ទឹង ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដឹកនាំដោយឯឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួមមន្ត្រីសាខា សប្បុរសជននានា និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខស្ត្រីសម្រាលកូន និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តឧបត្ថម្ភ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។  


មានមតិសំណេះសំណាលទៅកាន់គ្រួសារស្ត្រីសម្រាលកូន ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ដោយក្តីនឹករលឹកបំផុត។ 


ឯកឧបន្តថា កាកបាទក្រហមកម្ពុជា  ដែលមានសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងមានគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំដល់ មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឲ្យបានទាន់ពេលវេលា និងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ។


ក្នុងឱកាសនោះដែរឯកឧត្តម ក៏បានផ្ដាំផ្ញើដល់ស្ត្រីដែលទើបសម្រាលកូន សូមយកចិត្តទុកដាក់អនុវត្តអោយបានតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ក្នុងការថែរក្សាសុខភាពរបស់ខ្លួនផ្ទាល់ និងបុត្រធីតាខ្លួនផងដែរ។ ជាងនេះទៅទៀតឯកឧត្តមក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាសុខភាពឲ្យបានល្អ គោរពឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺគ្រុនឈិក ដែលកំពុងគ្មានការរីករាលដាលផងដែរ។


អំណោយដែលសាខា បានផ្តល់ជូនស្ត្រីសម្រាលកូនក្នុងម្នាក់ៗទទួលបាន សារុង ១ សម្លៀកបំពាក់ទារក ១ឈុត អាល់កុល ១ដប ម៉ាស ១ប្រអប់ និងថវិកា១០ម៉ឺនរៀល ដោយឡែកទារកដែលបានកើតមកអកុសលមានមាត់ឆែបចំនួន០២នាក់ បានទទួលការឧបត្ថម្ភនូវថវិកាបន្ថែមក្នុងម្នាក់ៗ ១០ម៉ឺនរៀល។ ឯកឧត្តម ក៏បានឧបត្ថម្ភថវិកាជូនមណ្ឌលសុខភាពសៀមរាបចំនួន ៤លានរៀល អំពូលសូឡា ៧ដើម និងរថយន្តសង្គោះបន្ទាន់ចំនួន១គ្រឿង ដល់មន្ទីរពេទ្យបង្អែកស្រុកកណ្ដាលស្ទឹង។