ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២០នេះប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្រាយចម្ងល់រឿងមានប្រជាពលរដ្ឋមួយចំនួនចង់ដឹងអំពីមាសដែលជាទុនបម្រុងរបស់ជាតិ។
តារយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោបានលើកឡើងថា៖”មួយរយៈពេលចុងក្រោយនេះមានបងប្អូនយើងមួយចំនួនចង់ដឹងអំពីមាសដែលជាទុនបម្រុងរបស់ជាតិ”។សម្តេចបានបន្តថា”ការចង់ដឹងរបស់បងប្អូនមួយចំនួនធំមានភាពសុចរិតពីព្រោះវាជារបស់ជាតិ។
តែនៅមានជនអាក្រក់មួយចំនួនតូច
បាននឹងកំពុងប្រើប្រាស់ការបាត់បង់ដំណឹងអំពីមាស
ដើម្បីវាយប្រហាររាជរដ្ឋាភិបាល
ថាចង់បន្លំយកមាសក្នុងពេលមានជំងឺឆ្លងកូវីដ១៩។ព្រោះមិនដែលឮលោកហ៊ុនសែននិយាយពីមាសនេះទៀតទេ”។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា”ដើម្បីច្បាស់ពីមាសសូមមើលការពន្យល់របស់ធនាគារជាតិកម្ពុជានោះបងប្អូនប្រាកដជាយល់និងអបអរសាទរជាមួយទុនបម្រុងរបស់ជាតិយើងដែលកើនឡើងជាលំដាប់”។ជាមួយគ្នានេះសម្តេចបានរំលឹកថា”ប្រហែលមួយឆ្នាំមុនខ្ញុំធ្លាប់ប្រកាសថាមាសរបស់យើងមាន៣០តោន។តែតាមតួលេខថ្មីនេះមាសរបស់យើងមានដល់៣៦,៥តោន។នេះមិនមែនជាមាយាទស្រីកញ្ជើធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិនោះទេ”។
សូមបញ្ជាក់ផងដែរថា ក្នុងសេចក្តីបញ្ជាក់របស់ធនាគារជាតិកម្ពុជា ចុះថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២០នេះ បានឱ្យដឹងថាមាសទាំង៣៦,៥តោនដែលធនាគារជាតិនៃកម្ពុជាកំពុងរក្សាទុកនោះរួមមាន៖មាសដែលជាកេរមរតកតាំងពីមុនសម័យសង្គ្រាម មានចំនួន១២,៤តោន ដែលកំពុងរក្សាទុកនៅប្រទេសស្វីស, មាសចំនួន១៤,១តោនកំពុងវិនិយោគនៅធនាគារកណ្តាលអង់គ្លេសនិងមាសចំនួន១០តោនត្រូវបានរក្សាទុកនៅកម្ពុជា៕